7b

វ័យ២០ឆ្នាំ គឺជាវ័យសំខាន់ក្នុងការត្រៀមខ្លួនទទួលភាពជោគជ័យនៅថ្ងៃអនាគត។ វ័យនេះដែរ គឺជាវ័យដែលមនុស្សចូលចិត្តគិតអ្វីប្លែកៗ និងទាមទារសិទ្ធិឯករាជ្យពីអ្នកដទៃគ្រប់ពេល។ បើសិនជាអ្នកបានត្រៀមខ្លួនក្នុងវ័យនេះ អ្វីៗប្រាកដជាប្រសើរឡើង។ ខាងក្រោមនេះ គឺជារឿងរ៉ាវមួយចំនួនដែលអ្នកត្រូវធ្វើឱ្យបានរួចរាល់ជាមុន៖

១ រៀនគ្រប់គ្រងពេលវេលា

ពេលវេលា គឺជារបស់មានតម្លៃជាងគេរបស់មនុស្សម្នាក់។ អ្នកណាក៏មានពេល២៤ម៉ោង ក្នុងមួយថ្ងៃដែរ តែហេតុអ្វីបានជាអ្នកខ្លះ អាចទទួលជោគជ័យខ្លាំងម្ល៉េះបើប្រៀបធៀបនឹងអ្នកដទៃ? នោះគឺមកពីពួកគេចេះរៀបចំពេលវេលាបានត្រឹមត្រូវ។ ក្នុងមួយថ្ងៃ អ្នកអាចនឹងមានការងារច្រើនដើម្បីធ្វើ ហេតុនេះបើអ្នកប្រើពេលវេលាខ្ជះខ្ជាយពេល នោះបញ្ហានឹងកើតមានឡើងមិនខាន។

២ ធ្វើដំណើរទៅកន្លែងផ្សេងៗឱ្យបានច្រើន

ការធ្វើដំណើរទៅច្រើនកន្លែង នឹងផ្តល់ឱ្យអ្នកនូវគំនិតថ្មីៗ។ បើសិនជាអ្នកនៅមួយកន្លែង អ្វីដែលទទួលបានគឺរឿងដដែលៗប៉ុណ្ណោះ។ លោក Richard Branson មហាសេដ្ឋីជនជាតិអង់គ្លេសម្នាក់ បានឱ្យយោបល់ទៅដល់សហគ្រិនវ័យក្មេងទាំងអស់ថា “ត្រូវចេះសម្លឹងមើល”។ តើអ្នកត្រូវសម្លឹងមើលអ្វី? គឺមើលពិភពលោកបច្ចុប្បន្ន។ ការធ្វើដំណើរ នឹងធ្វើឱ្យអ្នកមើលឃើញថា ពិភពលោកនេះដើរដល់ណាហើយ។ អ្នកក៏អាចមើលឃើញឱកាស នាំចូលតម្រូវការផ្សេងទៀតពីក្រៅមកក្នុងស្រុកផងដែរ។

៣ រកឱ្យឃើញថា អ្នកជាអ្នកណា

ការមិនដឹងថាខ្លួនជាអ្នកណា ជាកំហុសឆ្គងធំជាងគេរបស់មនុស្ស។ ការស្គាល់ពីខ្លួនឯងនេះ សម្តៅដល់ការស្គាល់ពីចំណង់ចំណូលចិត្ត គុណសម្បត្តិ និងគុណវិបត្តិរបស់ខ្លួនឯង។ នៅពេលដែលអ្នកបានស្គាល់ពីខ្លួនឯង អ្នកអាចចាប់ផ្តើមធ្វើអ្វីដែលត្រូវនឹងសមត្ថភាពរបស់អ្នក។ នេះជាការរីកចម្រើន របស់អ្នកជំនួញល្បីៗជាច្រើន។

៤ ចាប់ផ្តើមសន្សំ

អ្នកដែលមានអាយុ២០ឆ្នាំ ភាគច្រើនមិនទាន់ចេះសន្សំនៅឡើយទេ ពោលគឺមានប៉ុន្មាន ចាយប៉ុណ្ណឹង។ នេះជាទម្លាប់អាក្រក់មួយដែលអ្នកគួរតែកែប្រែ។ ការសន្សំប្រាក់ទុក ជាការត្រៀមខ្លួនមួយដ៏ល្អ ជាពិសេសសម្រាប់អ្នកដែលមានក្តីស្រមៃចង់ធ្វើជាជំនួញ។ ការសន្សំលុយ ទោះតិចក្តី​ ច្រើនក្តី សុទ្ធតែជាការអះអាងថា អ្នកបានគិតដល់អនាគតរបស់ខ្លួនឯងដែរ។

៥ យកចិត្តទុកដាក់លើសុខភាព

តើមានអ្នកណាអាចធានាថា សុខភាពរបស់អ្នក នឹងល្អគ្រប់ពេលនោះ? ហេតុនេះហើយ ទើបអ្នកមិនអាចព្រងើយកន្តើយនឹងបញ្ហាសុខភាពបាន។ សុខភាពសំខាន់ជាងគេបង្អស់ ព្រោះបើគ្មានវាទេ ទោះបីជាអ្នករកប្រាក់បានប៉ុណ្ណា មានអ្នកដទៃជួយច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចស្គាល់ភាពជោគជ័យបានដែរ។

៦ ទទួលការអប់រំឱ្យអស់ពីលទ្ធភាព

សង្គមកាន់តែមានការប្រកួតប្រជែង ការអប់រំកាន់តែទទួលបានការពេញនិយម។ តើអ្នកសង្ឃឹមថានឹងទៅប្រជែងជាមួយអ្នកដទៃតាមរបៀបណា បើអ្នកមិនធ្លាប់បានទទួលការអប់រំសោះនោះ? ការអប់រំ មិនមែនមានតែនៅក្នុងសាលាប៉ុណ្ណោះទេ តែវាអាចធ្វើឡើងនៅគ្រប់ទីកន្លែង។ អ្នកអាចរៀនសូត្រដោយខ្លួនឯង ឬសួរអ្នកដទៃបានសាកល្បងមុនអ្នក។ នៅក្នុងសៀវភៅ ចំណុចចាប់ផ្តើមនៃភាពជោគជ័យ បានសរសេរថា “ការអប់រំ កំនត់ពីភាពជោគជ័យយ៉ាងពិតប្រាកដរបស់អ្នកមែន”។

ទោះជាអាយុ ២០ឆ្នាំ ជាអាយុដែលទើបនឹងធំក៏ពិតមែន តែវាជាឱកាសល្អក្នុងការត្រៀមខ្លួន។ ចំណុចទាំង៦ខាងលើនេះ នឹងធានាបាននូវការមានប្រៀបជាងអ្នកដទៃ ប្រសិនបើអ្នកធ្វើបានតាមនេះគ្រប់ប្រការ។ សំខាន់ជាងគេ គឺចំណុចទី៦តែម្តង ព្រោះយើងមិនកើតហើយល្ងិតល្ងង់អស់មួយជីវិតនោះទេ យើងត្រូវតែទទួលការអបរំ។ អ្នកដែលចេះត្រៀមខ្លួនបានល្អ នឹងទទួលបានផលល្អ។

បើសិនជាលោកអ្នកចង់អានសៀវភៅបន្ថែមទាក់ទងនឹងការត្រៀមខ្លួន សូមចុចត្រង់នេះ

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។