2b

និន្នាការពិភពលោក តែងតែផ្លាស់ប្តូរជានិច្ច។ កាលពីមុន មនុស្សចូលចិត្តទៅធ្វើការនៅក្រុមហ៊ុនធំៗ ដោយសង្ឃឹមទាំងស្រុងទៅលើការទំនុកបំរុងពីថៅកែ។ តែឥលូវ ក្តីសង្ឃឹមនេះ បានប្តូរមកវិញនូវចំណង់នៃការធ្វើអាជីវកម្មដោយខ្លួនឯងវិញ។ សេចក្តីសុខ និងសេរីភាព ក៏ក្លាយជាវត្ថុចាំបាច់របស់មនុស្សសម័យនេះ។

ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន គឺជាការធ្វើតាមបេះដូង ហេតុនេះ អ្នកត្រូវត្រួតពិនិត្យខ្លួនឯងជាមុនសិន។ សំណួរខាងក្រោមនេះ នឹងធ្វើឱ្យអ្នកយល់ច្បាស់ពីគុណសម្បត្តិរបស់អ្នក ថាតើគ្រប់គ្រាន់មុននឹងចេញទៅសាងអនាគតហើយឬនៅ។

១. តើអ្នកទុកចិត្តខ្លួនឯងដែរឬទេ?

មុននឹងអ្នកអាចជួលអ្នកដទៃមកធ្វើការជំនួសអ្នកបាន អ្នកចាំបាច់ត្រូវតែអាចជួលខ្លួនឯងឱ្យធ្វើការបណ្តោះអាសន្នជាមុនសិន។ នេះជាអាថ៌កំបាំងមួយរបស់ម្ចាស់អាជីវកម្មជោគជ័យទាំងឡាយ។ ពួកគេម្នាក់ ទុកចិត្តលើខ្លួនឯង គ្រប់រឿងដែលគេធ្វើ។ ពួកគេ ទុកចិត្តខ្លួនឯងក្នុងការគ្រប់គ្រងពេលវេលា និងធ្វើគ្រប់នាទីនៃពេលវេលាឱ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់។ ពួកគេទុកចិត្តលើគំរោង ដែលខ្លួនគេរៀបចំ ហើយនឹងតស៊ូគ្រប់យ៉ាងដើម្បីសំរេចគំរោងទាំងនោះ។

២. តើអ្នកចង់បានជោគជ័យដល់កំរិតណា?

មនុស្សធម្មតា ដកដង្ហើមដើម្បីរស់ តែម្ចាស់អាជីវកម្មពូកែៗ ដកដង្ហើមច្រើនជាងដើម្បីរស់។ ពួកគេ ប្រើដង្ហើមរស់នៅដើម្បីអាជីវកម្មរបស់ពួកគេ។ អ្នកត្រូវតែច្បាស់ថា ខ្លួនអ្នកចង់បានជោគជ័យប៉ុណ្ណា ហើយប្រើថាមពលក្នុងការងារគ្រប់ពេលវេលា។ ដើម្បីសំរេចបានជោគជ័យ អ្នកត្រូវតែជាមនុស្សដែលមានភាពច្នៃប្រឌិត មានគំនិតវិជ្ជមាន និងធ្វើរឿងវិជ្ជមាន។

៣. តើអ្នកមានចិត្តចង់រៀនជំនាញថ្មីៗដែរឬទេ?

ដោយសារតែអ្នករស់នៅក្នុងការប្រកួតប្រជែង ជាមួយអ្នកដទៃ ការមានជំនាញថ្មីៗ គឺជាគុណសម្បត្តិធំមួយ។ ការធ្វើអាជីវកម្ម ទាមទារឱ្យអ្នកធ្វើការស្រាវជ្រាវកាន់តែច្រើន ដើម្បីកុំឱ្យសមត្ថភាពអ្នកនៅពីក្រោមអ្នកដទៃ។ អ្នកសាកល្បងគិតមើល ថា បើសិនជាសេវាកម្មដែលអ្នកផ្តល់ឱ្យអតិថិជន មិនល្អដូចដៃគូប្រជែងរបស់អ្នក តើអតិថិជននឹងរត់ទៅខាងណា។ ជំនាញថ្មី នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សពូកែ ហើយមានតែមនុស្សពូកែប៉ុណ្ណោះ ដែលពិភពលោកទទួលស្គាល់។ រាល់ថ្ងៃ អ្នកត្រូវតែរៀនអ្វីថ្មីជានិច្ច។

ជំនាញថ្មី នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សពូកែ ហើយមានតែមនុស្សពូកែប៉ុណ្ណោះ ដែលពិភពលោកទទួលស្គាល់។

៤. តើអ្នកចេះសាង តុល្យភាព រវាង ការងារ និងជីវិតផ្ទាល់ខ្លួនដែរទេ?

ការងារ ជារឿងរវល់មួយ ចំណែកជីវិតផ្ទាល់ខ្លួន ក៏ជារឿងរវល់មួយដែរ។ ការចាប់យកម្តងទាំងពីរមិនមែនជារឿងងាយស្រួលទេ តែបើអ្នកដឹងចេះរៀបចំឱ្យស្មើភាពគ្នា នោះអ្នកនឹងលែងមានបញ្ហាទៀតហើយ។ អ្នកមាន រវល់នឹងការងារច្រើន រហូតលែងមានពេលខ្វាយខ្វល់នឹងគ្រួសាររបស់ខ្លួន រីឯអ្នកក្រ មានពេលវេលាច្រើន ព្រោះមិនមានការងារធ្វើ។ ទាល់តែអ្នកអាចបង្កើតតុល្យភាពរវាងទាំងសងខាងបាន ទើបអ្នកមិនចាំបាច់ព្រួយចិត្តនៅពេលក្រោយ។

៥. តើអ្នកអាចស៊ូទ្រាំនឹង បញ្ហាហិរញ្ញវត្ថុបានដែរទេ?

នៅពេលដែលអ្នកងាកមកចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង អ្នកនឹងជួយបញ្ហាហិរញ្ញវត្ថុមិនខាន។ ប្រាក់ខែដែលអ្នកធ្លាប់តែមានស្ថិតស្ថេររាល់ខែ នឹងបាត់ពីក្នុងដៃអ្នក ហើយប្តូរមកវិញនូវ ការឡើងចុះនៃប្រាក់ចំណូល។ អ្នកត្រូវគិតឱ្យបានល្អិតល្អន់ពីចំណូលរបស់អ្នក ប្រាក់ទុន ប្រាក់បង្វិល និងការរីកចំរើននៅឆ្នាំបន្ទាប់ៗ។

រាល់សំណួរខាងលើនេះ  នឹងបញ្ជៀសការស្តាយក្រោយ នៅពេលបរាជ័យ។ អ្នកត្រូវឆ្លើយឱ្យស្មោះត្រង់នឹងខ្លួនឯង។ ប្រយោជន៍នៃការធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងបំពេញចិត្តរបស់អ្នក ទោះបីជាមានភាពលំបាក ឬភាពភ័យខ្លាចច្រើនក៏ដោយ។ ជីវិតរបស់អ្នក គឺអ្នកជាម្ចាស់ កុំឱ្យអ្នកណាម្នាក់មកបញ្ជាលើអ្នកបាន។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។