6b

លោក Richard Branson គឺជាសហគ្រិនដ៏ជោគជ័យម្នាក់ ដែលបង្កើតក្រុមហ៊ុនជាច្រើនដោយខ្លួនគាត់ផ្ទាល់។ គាត់ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលហ៊ានប្រថុយក្នុងអាជីវកម្មខ្លាំងបំផុត និងឱ្យតម្លៃសំខាន់ទៅលើភាពរីករាយ។ គាត់រស់នៅលើកោះ Necker និងចំណាយពេលប្រចាំថ្ងៃរបស់គាត់ធ្វើរឿងសប្បាយៗនៅលើកោះនោះ។ ខាងក្រោមនេះគឺជា គន្លឹះជោគជ័យរបស់គាត់ដែលអ្នកទាំងអស់គ្នាគួរតែរៀនតាម៖

១ ធ្វើគ្រប់យ៉ាងឱ្យសាមញ្ញបំផុត

ភាពសាមញ្ញ ជាគន្លឹះនៅក្នុងការរស់នៅផង និងក្នុងការធ្វើអាជីវកម្មផង។ Branson តែងតែមានមោទនភាពលើខ្លួនគាត់ដែលអាចធ្វើគ្រប់យ៉ាងឱ្យសាមញ្ញ។​ វាជាទម្លាប់ល្អមួយសម្រាប់សហគ្រិនគ្រប់គ្នា។ នៅពេលដែលមនុស្សគ្រប់គ្នានាំគ្នាក្រឡេកមើលទៅក្រុមហ៊ុន Facebook ឬ Google ពួកគេនឹងគិតថា ក្រុមហ៊ុនទាំងនោះ មានប្រព័ន្ធគ្រប់គ្រងយ៉ាងស្មុគ្រស្មាញ និងនាំគ្នាសនិ្នដ្ឋានថា ការធ្វើរឿងឱ្យស្មុគ្រស្មាញ ជាការបើកផ្លូវទៅរកភាពជោគជ័យ។ តាមពិតក្រុមហ៊ុនទាំងនោះ សុទ្ធតែចាប់ផ្តើមពីរឿងសាមញ្ញទាំងអស់ តែដោយសារការវិវឌ្ឍខ្លួន ទើបធ្វើឱ្យរឿងសាមញ្ញនោះផ្តុំគ្នាច្រើន ទើបមើលឃើញដូចជាស្មុគ្រស្មាញ។

ធ្វើគ្រប់យ៉ាងឱ្យសាមញ្ញបំផុតតាមដែលអ្នកអាចធ្វើទៅបាន ព្រោះអ្នកដទៃនឹងងាយយល់ពីអ្នក។

២ សាកល្បងធ្វើ

មានតែការសាកល្បងធ្វើ ទើបយើងអាចដឹងពីលទ្ធផលពិតប្រាកដបាន។ ក្រុមហ៊ុនរបស់ Branson ទាំងអស់ សុទ្ធតែកើតពីការហ៊ានសាកល្បងទាំងអស់។ បើសិនជាគម្រោងណាមិនដើរទៅមុខ គាត់នឹងបោះចោល ហើយងាកមកធ្វើកិច្ចការមុនវិញ។ អ្នកមិនចាំបាច់គិតច្រើនពេកទេ គ្រាន់តែសាកល្បងតែម្តង អ្នកនឹងដឹងចម្លើយមិនខាន។

៣ ធ្វើជាអ្នកដឹកនាំ

តាមពិតទៅ ក្រុមហ៊ុនមួយ គឺជាបណ្តុំមនុស្សមួយក្រុមដែលប្រឹងធ្វើការដើម្បីសម្រេចគោលបំណងអ្វីមួយប៉ុណ្ណោះ។ ដូច្នេះដើម្បីដឹកនាំមនុស្សទាំងនោះទៅឱ្យដល់កន្លែងដែលចង់ទៅ គេត្រូវការអ្នកដឹកនាំម្នាក់។ Branson ជឿថា ការដឹកនាំអ្នកដទៃ ក៏ដូចជាការដឹកនាំខ្លួនគាត់ដែរ អ្វីដែលត្រូវធ្វើគឺមានគោលដៅច្បាស់លាស់ប៉ុណ្ណោះ។ គាត់បាននិយាយទៀតថាថា “អ្នកមិនគួរបិទភ្នែកធ្វើតាមសម្តីរបស់អ្នកដឹកនាំ អ្នកគួរតែមានសំនួរសួរទៅកាន់អ្នកដឹកនាំខ្លះ”។ អ្នកដឹកនាំដែលមានចក្ខុវិស័យ នឹងអាចធ្វើឱ្យថ្នាក់ក្រោមទាំងអស់ជឿជាក់ និងធ្វើតាមបានសម្រេច។

៤ មិនបោះបង់ចោល

នៅពេលដែលអ្នកចាប់ផ្តើមធ្វើអាជីវកម្មអ្វីមួយ អ្នកមិនអាចជៀសផុតពីការជួបនឹងឧបសគ្គនោះទេ។ មនុស្សមួយចំនួន បានសម្រេចចិត្តថាបោះបង់អាជីវកម្មចោល ព្រោះមិនអាចជម្នះវាបាន តែបើអ្នកចង់ឱ្យខ្លួនអ្នកទទួលភាពជោគជ័យ អ្នកមិនអាចធ្វើតាមពួកគេបានឡើយ។

៥ ធ្វើល្អចំពោះអ្នកដទៃ

អាថ៌កំបាំងមួយដែលបានបោកប្រាស់មនុស្សជាយូរមកហើយនោះ គឺ អ្នកត្រូវតែមានចិត្តដាច់ មិនខ្វល់ពីអ្នកដទៃ ទើបអាចឡើងឈរនៅលើកំពូលនៃភាពជោគជ័យបាន។ Branson មិនជឿលើចំនុចនេះឡើយ។ គាត់ជឿថា ការធ្វើដាក់អ្នកដទៃមិនល្អ នឹងបង្កផលវិបាកដល់ភាពជោគជ័យរបស់គាត់។ មិនមែនដោយសារតែចង់បានប្រយោជន៍របស់ខ្លួនឯង ហើយមិនគោរពអ្នកដទៃនោះទេ។ ការធ្វើល្អជាមួយអ្នកដទៃ ជាការថែរក្សាស្ពានដែលបានឆ្លងហើយ ដើម្បីឆ្លងម្តងទៀត។

មេរៀនល្អៗរបស់មហាសេដ្ឋីរូបនេះ គឺជាចំណុចដែលអ្នកត្រូវចងចាំ និងអនុវត្តឱ្យបានច្រើន។ មិនមែនដោយសារតែគាត់ជាមហាសេដ្ឋី ហើយក៏ត្រូវគេលើកតម្កើងនោះទេ តែដោយសារអ្វីដែលគាត់ធ្វើ ជារឿងត្រឹមត្រូវ។ អ្នកត្រូវធ្វើដំបូន្មានត្រឹមត្រូវ មិនមែនធ្វើតាមដំបូន្មានមនុស្សល្បីៗនោះទេ។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។