5b

នៅពេលដែលពិភពលោកកាន់តែរីកចម្រើន​ ឈ្មោះមនុស្សជោគជ័យមានកាន់តែច្រើន ហើយមានខ្លះអ្នកមិនដែលស្គាល់សោះ ក៏មានដែរ។ តើមានប្រយោជន៍អ្វីដែលនៅតែនិយាយដដែលៗពីភាពជោគជ័យរបស់អ្នកជំនួញមុនៗនោះ? តើអ្នកជំនួញថ្មីៗដែលទទួលបានជោគជ័យ មិនមានតម្លៃនឹងឱ្យអ្នកចាប់អារម្មណ៍ទេឬ? ក្នុងអត្ថបទនេះ អ្នកនឹងបានស្គាល់សហគ្រិនស្រីម្នាក់ ដែលដកខ្លួនចេញពីសាលាច្បាប់ ហើយបង្កើតក្រុមហ៊ុនផលិតទឹកផ្លែឈើស្រស់។

Annie Lawless ជានិស្សិតច្បាប់ម្នាក់ ដែលមានការលំបាកក្នុងការសិក្សា តែមិនមែនដោយសារនាងរៀនមិនចេះនោះទេ តែដោយសារនាងមានបញ្ហាផ្លូវចិត្ត (Depression) ។ នាងបានសម្រេចចិត្តបោះបង់សាលាច្បាប់ចោល ហើយងាកទៅរកអ្វីដែលនាងស្រលាញ់ពិតប្រាកដ – ផ្នែកចំណីអាហារ។ នាងមានការយល់ដឹងពីវិធីរក្សាសារជាតិបំប៉នពីផ្លែឈើឱ្យបានច្រើនបំផុត នៅពេលផលិតយកទឹក។

ក្រោយមកទៀត នាងបានជួបនឹងមិត្តភក្តិរបស់នាងម្នាក់ ឈ្មោះ Eric Ethans ដែលចូលចិត្តទឹកផ្លែឈើស្រស់ដូចនាងដែរ។ ពួកគេបានរួមគ្នាផលិតទឹកផ្លែឈើនៅផ្ទះ ដោយទិញយកផ្លែឈើពីផ្សារក្នុងតម្លៃរាយធម្មតា។ ពួកគេបានលក់ទឹកផ្លែឈើស្រស់ទៅឱ្យអ្នកហាត់យូហ្គា និងលក់នៅតាមក្រុងដែលគេរស់នៅ។

តម្រូវការចេះតែកើនឡើង បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកជំនួញម្នាក់ ឈ្មោះ  James Brennan ដែលជាអតិថិជនរបស់ពួកគេដែរ ឱ្យចូលមកពាក់ព័ន្ធ។ តាមរយៈបទពិសោធន៍របស់ Brennan គាត់ក៏បាននាំមនុស្សម្នាក់ទៀតដែលជា CEO របស់ក្រុមហ៊ុន NIKA Water ចូលមកវិនិយោគ ហើយក្រុមហ៊ុន Suja របស់ Annie ក៏កើតចេញជារូបរាងឡើង។

ក្រោយការបង្កើតបាន១ឆ្នាំ គឺនៅឆ្នាំ ២០១២ Suja បានចូលទៅដល់ Whole Foods ហើយឥលូវនេះមានវត្តមាននៅលើទីផ្សារលើសពី ១០០០០ កន្លែង។ ក្រុមហ៊ុននេះរកចំណូលបានប្រហែលជា ៨០ ទៅ ៩០លានដុល្លារ។ នៅខែសីហា ឆ្នាំ ២០១៥ ក្រុមហ៊ុននេះបានលក់ភាគហ៊ុន ៣០ភាគរយទៅឱ្យក្រុមហ៊ុនកូកាកូឡាក្នុងតម្លៃ ៩០លានដុល្លារ និង ២០ភាគរយទៀតទៅឱ្យ Goldman Sachsក្នុងតម្លៃ ៦០លានដុល្លារ។ ការលក់នេះ ធ្វើឱ្យ Suja កើនតម្លៃរហូតដល់ ៣០០លានដុល្លារ។

នៅក្នុងបទសម្ភាសន៍មួយ Annie បាននិយាយពីការសម្រេចចិត្តបោះបង់ការសិក្សាររបស់នាងថា នៅពេលដែលនាងចូលរៀនបានប៉ុន្មានខែ នាងដឹងថានាងកំពុងដើរលើផ្លូវដែលខុសពីចិត្តនាងហើយ។ នាងត្រូវតែប្តូរផ្លូវនោះចេញ ហើយវិធីមានតែមួយគត់ គឺឈប់រៀន និងទៅធ្វើអ្វីដែលនាងពេញចិត្តវិញ។ នាងបានលើកទឹកចិត្តដល់អ្នកដែលមិនរីករាយនឹងការងារ ឬជីវិតផ្ទាល់ខ្លួន ឱ្យឈប់ស្ទាក់ស្ទើរក្នុងការបញ្ឈប់អ្វីដែលកំពុងធ្វើ ហើយងាកមកធ្វើអ្វីដែលធ្វើឱ្យខ្លួនឯងមានកម្លាំងចិត្តវិញ។

ជីវិតនេះខ្លីណាស់ អ្នកគួរតែរស់នៅដោយភាពរីករាយ ដូច្នេះចូរធ្វើអ្វីក៏ដោយដែលអាចធ្វើឱ្យអ្នករីករាយ។ – Annie Lawless

Suja ចាប់ផ្តើមឡើងដំបូងដោយវិធីសាមញ្ញបំផុត គឺការលក់តាមផ្ទះ និងផលិតដោយខ្លួនឯង។ Annie​ បាននិយាយទៅកាន់អ្នកដែលកំពុងតែធ្វើមុខជំនួញក្នុងវិធីដូចនាងថា “កុំខ្វល់ពីលទ្ធផលនៅថ្ងៃក្រោយ ត្រូវផ្តោតទៅលើបច្ចុប្បន្ន។ ខ្ញុំមិនបានធ្វើវាដើម្បីលុយ ឬបង្កើតក្រុមហ៊ុនធំនោះទេ។ យើងគ្រាន់តែចង់ចែករំលែកអ្វីដែលយើងស្រលាញ់ទៅកាន់អ្នកដទៃ ហើយសង្ឃឹមថាអ្នកដទៃនឹងចូលចិត្តដូចយើងដែរ។ ការរក្សាបាននូវគោលបំណងដើម និងចំណង់ចិត្ត ជារឿងសំខាន់បំផុតក្នុងការបង្កើត Brand មួយឱ្យជោគជ័យ។ អតិថិជនអាចដឹងថា ក្រុមហ៊ុនណាមួយដែលបង្កើតដោយអ្នកវិនិយោគដោយចង់បានតែប្រាក់ និងក្រុមហ៊ុនដែលបង្កើតឡើងដោយមនុស្សដែលចង់ធ្វើអ្វីដែលគេស្រលាញ់ពិតប្រាកដ។ ”

ជោគជ័យរបស់ Annie កើតមកពីចិត្តក្លាហាន និងការមិនខ្វល់ពីអ្វីដែលអ្នកដទៃនិយាយ។ នាងធ្លាប់ឆ្លងកាត់អារម្មណ៍ពិបាកវេទនាក្នុងការធ្វើអ្វីដែលខ្លួនឯងមិនស្រលាញ់។ វាមិនសំខាន់ថាអ្នកដទៃនិយាយយ៉ាងណាទេ តែបើអ្នកមិនរីករាយហើយ ការសរសើរ និងការទទួលស្គាល់របស់អ្នកដទៃ លែងមានអ្វីសំខាន់ទៀតហើយ។

 

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។