8b

ការតាំងខ្លួនជាសហគ្រិនម្នាក់ ទាមទារឱ្យលោកអ្នកមានគុណសម្បត្តិជាច្រើនដើម្បីសម្រេចបានជោគជ័យលើវិថីនេះ។ ដោយសារតែសហគ្រិនភាព ជាការធ្វើជំនួញដែលមានលក្ខណៈប្លែកពីការធ្វើជំនួញពីមុនៗ ទើបសហគ្រិនចាំបាច់ត្រូវតែមានភាពច្នៃប្រឌិតផ្ទាល់ខ្លួន។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានដឹងពីមូលហេតុដែលធ្វើឱ្យភាពច្នៃប្រឌិតក្លាយជារបស់សំខាន់សម្រាប់សហគ្រិនគ្រប់រូប។

តាមការសិក្សាមួយចំនួន បានបញ្ជាក់ថា ភាពច្នៃប្រឌិត គឺជាជំនាញដ៏ចាំបាច់មួយរបស់សហគ្រិន។ វាអាច បង្កើតផ្លូវទៅកាន់ភាពជោគជ័យបាន ដោយ៖

  • បង្កើតគំនិតថ្មីសម្រាប់ប្រកួតប្រជែង ៖ ឬសគល់នៃសហគ្រិនភាព ស្ថិតលើការស្វែងរក និងបង្កើតគំនិតថ្មី។ នៅពេលដែលគំនិតថ្មីៗទាំងនោះ អាចដំណើរការបានល្អ នោះអ្នកនឹងអាចបោះជំហានទៅមុខមុនអ្នកដទៃជានិច្ច។ វាប្រៀបដូចជាការរៀនអ្វីមួយថ្មីដែរ គឺពឹងផ្អែកទៅលើសមត្ថភាពបុគ្គល។ ក្រុមហ៊ុន អេបផល ជាឧទាហរណ៍យ៉ាងល្អមួយក្នុងការយកភាពច្នៃប្រឌិត មកធ្វើអាវុធក្នុងការប្រកួតប្រជែងនឹងក្រុមហ៊ុនដទៃ។
  • បង្ហាញវិធីថ្មីដើម្បីអភិវឌ្ឍផលិតផល ឬសេវាកម្ម ៖ គ្មានក្រុមហ៊ុនណាអាចទទួលបានជោគជ័យបានដោយឈរនៅស្ងៀមមួយកន្លែង និងមិនបញ្ចេញអ្វីថ្មីទៅកាន់អតិថិជននោះទេ។ ការអភិវឌ្ឍដែលមានភាពច្នៃប្រឌិត និងធ្វើឱ្យផលិតផល ឬសេវាកម្មរបស់លោកអ្នក ប្លែកពីអ្នកដទៃ​ និងអាចស្របតាមតម្រូវការរបស់មនុស្ស។ ទោះបីជាអ្វីដែលយើងមាននោះ មានលក្ខណៈទំនើបយ៉ាងណាក៏ដោយ វានៅតែមានកន្លែងដែលយើងអាចបន្ថែមគុណភាពចូលដដែល ។ គ្រឹះស្ថានបោះពុម្ពផ្សាយនៅកម្ពុជាយើង បានប្រើភាពច្នៃប្រឌិតយ៉ាងខ្លាំង ដើម្បីជំរុញការលក់ និងបង្កើនប្រជាប្រិយភាពពីសំណាក់អ្នកអាន។ សៀវភៅដែលបោះពុម្ពចាស់ តែមានគម្របមិនស្អាត ឬមិនសូវទាក់ទាញ នឹងត្រូវកែប្រែសារជាថ្មី ដោយប្តូរគម្របឱ្យបានល្អជាងមុន។ អ្នកអាន អាចនឹងចាប់អារម្មណ៍នឹងគម្របសៀវភៅ ហើយទិញយកទៅអានដោយមិនចាប់អារម្មណ៍ពីឆ្នាំផលិតនោះទេ។
  • គិតអ្វីដែលមិនគួរឱ្យគិត ៖ ភាពច្នៃប្រឌិត ជាការស្រមើស្រមៃដើម្បីស្វែងរកអ្វីមួយថ្មី។ អ្នកត្រូវហ៊ានគិតអ្វីដែលអ្នកដទៃយល់ថាមិនសមហេតុផល ឬមិនធ្លាប់គិតពីមុន។ ភាពជោគជ័យរបស់ស្ទីវចប ក៏កើតពីចំណុចនេះទាំងអស់។ គាត់គិតថា មនុស្សចាំបាច់ត្រូវប្រើកុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីសម្រួលកិច្ចការ តែក្រុមហ៊ុនដទៃ មិនគិតដូចគាត់ទេ នៅពេលនោះ។ តែក្រោយពេលដែលគាត់ធ្វើបានសម្រេច ក្រុមហ៊ុនដទៃទៀត ក៏ចាប់ផ្តើមធ្វើតាមគាត់ដែរ តែសន្ទុះនៃការលក់នៅតែមិនអាចប្រជែងឈ្នះអេបផលដដែល។

ភាពច្នៃប្រឌិត នឹងបន្ថែមគុណតម្លៃទៅដល់អាជីវកម្មរបស់អ្នក ។ សហគ្រិន និងអ្នកដែលចង់ក្លាយខ្លួនជាសហគ្រិនគ្រប់រូប ចាំបាច់ត្រូវស្វែងយល់ពីវា និងហ្វឹកហាត់ប្រើវាជាប្រចាំ។ ភាពច្នៃប្រឌិត អាចជួយឱ្យអ្នកយកវិធីសាស្រ្តចាស់ៗមកប្រើឡើងវិញ និងទទួលបានប្រសិទ្ធិភាពខ្ពស់។ វានឹងជួយឱ្យអ្នកឆ្លើយបានគ្រប់សំនួរដែលមានចំពោះអាជីវកម្មរបស់អ្នក។ មានរឿងមួយដែលលោកអ្នក គួរតែរីករាយនោះ គឺ មនុស្សគ្រប់គ្នា សុទ្ធតែអាចមានភាពច្នៃប្រឌិតបាន។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។