1b

អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មដោយខ្លួនឯង តែងតែគិត រង់ចាំឱ្យដល់ពេលល្អ ហើយចាំបើកមុខជំនួញឱ្យធំតែម្តង។ ប៉ុន្តែ ការរង់ចាំបែបនោះ អាចនឹងមិនបានផលមកវិញ ព្រោះតែងតែមានបញ្ហាផ្សេងទៀតកើតឡើងជាប្រចាំ។ តើអ្នកចង់រង់ចាំដល់ពេលណា បើសិនជាអ្នកអាចចាប់ផ្តើមក្នុងពេលឥលូវនេះ?

អាជីវកម្មខ្នាតតូច ជាជំរើសល្អ ព្រោះអ្នកអាចចាប់ផ្តើមវាបានគ្រប់ពេល។ រឿងនេះ ជារឿងពិត ព្រោះ អាជីវកម្មខ្នាតតូច មិនត្រូវការ ធនធាន និងមនុស្សច្រើនប៉ុន្មានទេ។ ការប្រើលុយ និងពេលវេលា ក៏មិនច្រើនដូច ការបង្កើតអាជីវកម្មខ្នាតធំដែរ។

កត្តាចាំបាច់មួយដែលអ្នកត្រូវដឹង គឺ “ប្រាក់ចំណូលរបស់អាជីវកម្ម មិនមែនបានមកពីកំលាំងនៃការផលិតនោះទេ តែបានពីកំលាំងនៃការទិញរបស់អតិថិជន ឬតំរូវការទីផ្សារ” ។ អតិថិជន ដែលត្រូវការផលិតផល គេនឹងមិនខ្វល់ពីទំហំរបស់ក្រុមហ៊ុនរបស់អ្នកនោះទេ ព្រោះអ្វីដែលពួកគេចង់បាន គឺគុណភាពល្អ។

ប្រាក់ចំណូលរបស់អាជីវកម្ម មិនមែនបានមកពីកំលាំងនៃការផលិតនោះទេ តែបានពីកំលាំងនៃការទិញរបស់អតិថិជន ឬតំរូវការទីផ្សារ។

ហេតុផលមួយទៀត ដែលអ្នកអាចចាប់ផ្តើមបានគ្រប់ពេល គឺ បញ្ហាតិចតួច។ បញ្ហាដែលតែងតែកើតឡើងជាញឹកញយក្នុងការធ្វើអាជីវកម្ម គឺមនុស្ស។ មនុស្ស ជាអ្នកបង្កើតកំហុស ហើយជានិច្ចកាល តែងតែទំលាក់កំហុសដាក់គ្នាទៅវិញទៅមក។ នេះហើយ ដែលបណ្តាលឱ្យមានភាពមិនចុះសំរុងក្នុងមុខរបរ។ តើអ្នករំពឹងថានឹងទទួលបានជោគជ័យយ៉ាងណា បើមនុស្សដែលមកជួយអ្នក មិនត្រូវគ្នាផងនឹង?  ដោយសារតែអាជីវកម្មខ្នាតតូច មិនត្រូវការមនុស្សមកពាក់ព័ន្ធច្រើន ដូច្នេះ បញ្ហាក៏មិនសូវមានច្រើនដែរ។

ភាគច្រើន អ្នកដែលចូលរួមក្នុងអាជីវកម្មខ្នាត ជាមនុស្សក្នុងគ្រួសារ ជាមិត្តភក្តិជិតដិត ហេតុនេះសម្ព័ន្ធភាព មានលក្ខណៈល្អជាង អ្នកក្រៅដែលស្គាល់គ្នាក្រោយការសម្ភាសន៍ការងារ។ ការទុកចិត្តគ្នា និងការចំណាយពេលវេលានៅជាមួយគ្នាច្រើន ក៏ជាគុណសម្បត្តិឆ្ពោះទៅរកភាពជោគជ័យដែរ។

ទោះបីជាអាជីវកម្មខ្នាតតូច អាចចាប់ផ្តើមបានគ្រប់ពេលមែន តែអ្នកមិនត្រូវមើលស្រាលវានោះទេ។ លោក Manuel Martinez ជានាយកគ្រប់គ្រង វិទ្យាស្ថានបណ្តុះបណ្តាលភាពជោគជ័យមួយកន្លែងក្នុងទីក្រុង  Los Angles បាននិយាយថា “ ការត្រៀម ការត្រៀម និងការត្រៀម គឺជាគន្លឺះសំខាន់ទាំងបីក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន” ។ លោក Martinez បានបណ្តុះបណ្តាល និងផ្តល់យោបល់ដល់ម្ចាស់គ្រប់គ្រងអាជីវកម្មខ្នាតតូច ជាច្រើននាក់មកហើយ។ លោកក៏បានរំលឹកដែរ អ្នកដែលខ្វះបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម តែងតែមើលរំលងការត្រៀមខ្លួនជានិច្ច។

ប្រសិនលោកអ្នកមានបំណងចាប់ផ្តើមអាជីវកម្មខ្នាតតូច លោកអ្នកត្រូវតែត្រៀមខ្លួនជាមុន ហើយស្វែងយល់ពីអាជីវកម្មនោះឱ្យបានច្រើនបំផុត។ អ្នកត្រូវចងចាំថា ទោះបីជាមានការត្រៀមល្អហើយក៏ដោយ ក៏បរាជ័យអាចនឹងកើតឡើងបានដែរ ហេតុនេះ បើជ្រុលជាត្រៀមទៅហើយ គួរតែត្រៀមខ្លួនដើម្បីទប់ទល់នឹងការបរាជ័យដែរទៅ។ ការខំប្រឹងប្រែងកសាងអាជីវកម្មរបស់លោកអ្នក នឹងផ្តល់ផលមកវិញជាមិនខាន។ អ្នកត្រូវតែមានជំនឿលើរឿងនេះ។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។